គោលការណ៍ ឬលក្ខណៈពិសេស ១០ចំណុចរបស់ បណ្ឌិត
កែម ឡី
១. លោក កែម ឡី ត្រូវបានគេឲ្យតម្លៃខ្ពស់
ចំពោះភាពក្លាហានរបស់លោក។ ពលរដ្ឋខ្មែរ និងអ្នកសារព័ត៌មាន តែងតែចាត់ទុក លោក
កែម ឡី ជាអ្នកនិយាយរិះគន់មិនសំចៃមាត់ ចំពោះចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល
និងគណបក្សប្រឆាំង។ ក្រៅពីការរិះគន់ លោក កែម ឡី តែងតែផ្តល់ដំណោះស្រាយតាមបែបវិទ្យាសាស្ត្រ
និងបែបតក្កវិទ្យា(Logical)។ លើសពីនេះ បើទោះបីជា
លោក កែម ឡី ធ្លាប់រងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ តែបុរសមាឌដំបង
និងសម្បុរស្រអែមរូបនេះ មិនដែលផ្លាស់ប្តូរមនសិការ និងការងាររបស់ខ្លួនឡើយ។
២. លោក កែម ឡី បានលះបង់យ៉ាងច្រើន
ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។ លោក កែម ឡី
សុខចិត្តលះបង់ជីវិត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់របស់លោក
ដើម្បីធ្វើការងារស្រាវជ្រាវជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ។ មុនទទួលមរណភាព លោក
កែម ឡី បានបង្កើតយុទ្ធនាការ«១០០រាត្រី»។ ១០០រាត្រី គឺជាសកម្មភាពរបស់លោក
ក្នុងការរស់នៅជាមួយប្រជាពលរដ្ឋខ្មែរចំនួន១០០ខ្នងផ្ទះ
ដើម្បីស្រាវជ្រាវពីបញ្ហារបស់ពលរដ្ឋ និងចងក្រងជាឯកសារ
ទុកឲ្យក្មេងជំនាន់ក្រោយ។ ក្រៅពីនេះ លោកមានបំណង
ចងក្រងកោះខ្មែរដើម្បីទុកជាភស្តុតាង ករណីមានជម្លោះដែនកោះរវាងកម្ពុជា
និងប្រទេសជិតខាង។
៣. លោក កែម ឡី
ត្រូវបានពលរដ្ឋឲ្យតម្លៃយ៉ាងខ្លាំងចំពោះសិល្បៈនិយាយរបស់លោក។
លោកត្រូវបានអញ្ជើញជាវាគ្មិននៅតាមសិក្ខាសាលា វេទិកាយុវជន
និងវាគ្មិននៅតាមបណ្តាញសារព័ត៌មានយ៉ាងច្រើន។ ក្រៅពីសំឡេងដ៏មុតស្រួច
លោកមានលក្ខណៈពិសេសម្យ៉ាងទៀត គឺលោកពូកែពន្យល់ដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋគ្រប់មជ្ឈដា្ឋន។
ចំណុចនេះ ទើបពលរដ្ឋ ដែលធ្លាប់ស្តាប់លោកបណ្ឌិត កែម ឡី
ទោះបីជាពលរដ្ឋមួយចំនួន មានចំណេះដឹងតិចតួចយ៉ាងណាក្តី
ក៏អាចទទួលបានគំនិតជាច្រើនតាមរយៈបំណិនប្រសប់នៃការពន្យល់របស់លោកកែម
ឡី។
៤. លោក កែម ឡី គឺជាមនុស្សសាមញ្ញបំផុត។
ទោះបីជា លោកទទួលបានសញ្ញាបត្របណ្ឌិត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ដោយ
ប៉ុន្តែ បុរសវ័យ៤៦ឆ្នាំរូបនេះ មិនដែលមានឫកពារឆ្មើងឆ្មៃនោះទេ។ ទឹកមុខញញឹម
និងភាពរួសរាយរាក់ទាក់ បានចាក់ជ្រៅដល់បេះដូងរបស់យុវជនខ្មែរ។
នៅពេលចូលរួមធ្វើជាវាគ្មិននៅតាមសិក្ខាសាលា ឬវេទិការយុវជនផ្សេងៗ លោក កែម ឡី
តែងតែបង្ហាញអាកប្បកិរិយាគោរព ចំពោះមនុស្សទូទៅ។ ហេតុនេះហើយ
ទើបមានយុវជនជាច្រើន តែងតែសុំលោកថតរូបជាមួយ នៅពេលសម្រាកពិសារអាហារសម្រន់
និងនៅពេលបញ្ចប់កិច្ចពិភាក្សា។ ចំណែក សំលៀកបំពាក់វិញ លោក កែម ឡី
ត្រូវបានគេសង្កេតឃើញថា លោកតែងតែ ពាក់អាវសជាមួយខោខៅប៊យ
និងពាក់ស្បែកជើងកីឡាដ៏សាមញ្ញ។ យូរៗម្តង ទើបគេឃើញលោកពាក់អាវធំ
ដោយមានក្រវ៉ាត់ក។
៥. បណ្ឌិត កែម ឡី គឺជាមនុស្សនឹងនរ។
ទោះបីជាលោកត្រូវគេប្រមាថ ឬប្រើសម្តីមិនសមរម្យមកលើរូបលោក
នៅក្នុងវេទិកាតុមូលក្តី វេទិកាយុវជនក្តី តែគេហាក់មិនដែលឃើញលោកកែម ឡី
ខឹងសម្បារឬច្រលោតខឹង ចំពោះដៃគូពិភាក្សានោះទេ។ លោកតែងតែប្រកាន់ឥរិយាបថញញឹមជានិច្ចគ្រប់ស្ថានភាព។
៦. តាមរយៈការជជែក ឬពិភាក្សាពីគោលនយោបាយ
ច្បាប់ សិទ្ធិមនុស្ស… លោក កែម ឡី តែងតែមានយុទ្ធសាស្ត្រ
ឬដំណោះស្រាយទាំងរយៈពេលខ្លី និងរយៈពេលវែង។ លោកត្រូវបានគេចាត់ទុកថា
ជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានផែនការច្បាស់លាស់
ដើម្បីជួយប្រទេសជាតិរបស់ខ្លួន។
៧. លោក កែម ឡី
គឺជាមនុស្សមិនលោភលន់បុណ្យសក្តិ តួនាទី ឬតំណែងនោះទេ។ កន្លងមក ជំនួយការ របស់
លោក កែម ឡី ធ្លាប់បានអះអាងថា លោក កែម ឡី ត្រូវបានគេផ្តល់អ្វីៗគ្រប់បែបយ៉ាង
ដែលអាចឲ្យលោក និងគ្រួសាររស់នៅយ៉ាងសុខស្រួល គ្រាន់តែលោក
ត្រូវបញ្ឈប់ការងារស្រាវជ្រាវរបស់លោកប៉ុណ្ណោះ។ ប៉ុន្តែ លោក កែម ឡី
មិនបានខ្វល់ខ្វាយនឹងលាភសក្ការៈទាំងនោះទេ។
៨. លោក កែម ឡី គឺជាមនុស្សស្មោះត្រង់។
ប្រសាសន៍របស់លោកស្ទើរគ្រប់ម៉ាត់ គឺតែងតែចង់ជួយប្រជាជន និងប្រទេសជាតិ
ឲ្យមានការរីកចម្រើន មានសុភមង្គល និងសុខសន្តិភាព។
៩. លោក កែម ឡី គឺលោកជាមនុស្សនិយាយផង
និងធ្វើផង។ កន្លងមក គេសង្កេតឃើញ លោក កែម ឡី មានសកម្មភាពជាច្រើន ដូចជា
ការចុះស្រាវជ្រាវបញ្ហាជម្លោះដីធ្លី ការចុះដេកព្រៃដើម្បីការពារព្រៃឈើ
និងការអប់រំពលរដ្ឋពីសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យជាដើម។ អ្នកដែលស្គាល់
លោក បណ្ឌិត កែម ឡី តែងតែលើកឡើងថា
លោកជាមនុស្សដែលធ្វើការងារសកម្មបំផុតជាមួយយុវជន។
១០. លោក កែម ឡី
គឺជាមនុស្សចូលចិត្តនិយាយត្រង់។ ថ្វីដ្បិត ពាក្យសច្ចៈ
ធ្វើឲ្យមនុស្សមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែ មានតែពាក្យពិតទេ
ដែលជាវត្ថុដ៏ពិសិដ្ឋសម្រាប់ព្យាបាលជំងឺសង្គមខ្មែរ។ ការនិយាយការពិត
បានធ្វើឲ្យលោក កែម ឡី ក្លាយជាវីរជនរបស់យុវជន
និងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះ
ពលរដ្ឋខ្មែរបានសម្រក់ទឹកភ្នែកស្ទើរមួយនគរ នៅពេលលោក កែម ឡី
ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦
នៅកណ្តាលរាជធានីភ្នំពេញ
Comments
Post a Comment